011 767 136 | info@piea.edu.kh | Mon-Fri (8 AM - 5 PM)

បន្ទាប់ពីបានបញ្ចប់ការសិក្សាឆ្នាំទី១ និងទទួលបានបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃតាមរយៈកម្មសិក្សា និស្សិតកម្រិត Advanced របស់ PIE បានវិលត្រឡប់មកកាន់ថ្នាក់រៀនវិញ ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ ការចាប់ផ្តើមជំពូកថ្មីនៃដំណើរសិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ពួកគេ។
ក្នុងអំឡុងពេលសិក្សាឆ្នាំទី១ និស្សិតបានបញ្ចូលគ្នារវាង ការសិក្សាទ្រឹស្តីក្នុងថ្នាក់រៀន និងបទពិសោធន៍កម្មសិក្សាជាក់ស្តែង នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ចនានាទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមស្ថាប័នល្បីៗដែលនិស្សិត PIE បានចូលរួមកម្មសិក្សា មានសណ្ឋាគារ និងអចលនទ្រព្យបដិសណ្ឋារកិច្ចដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដូចជា Rosewood, Shangri-La, Hyatt និង Raffles Le Royal។
ការវិលត្រឡប់មកកាន់បរិវេណសាលាវិញ បន្ទាប់ពីបានចំណាយពេលជាច្រើនខែក្នុងវិស័យការងារ គឺជាពេលវេលាដ៏រំភើប និងមានអត្ថន័យសម្រាប់និស្សិត។ ពួកគេមិនត្រឹមតែនាំយកមកជាមួយនូវ អនុស្សាវរីយ៍ និងមិត្តភាពថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ បទពិសោធន៍ជាក់ស្តែង និងការយល់ដឹងកាន់តែច្បាស់អំពីការងារក្នុងបរិយាកាសវិជ្ជាជីវៈនៃវិស័យបដិសណ្ឋារកិច្ច ផងដែរ។
ហើយពួកគេមិនចាំបាច់រង់ចាំយូរឡើយ ដើម្បីយកបទពិសោធន៍ដែលទទួលបានមកអនុវត្តជាក់ស្តែង។
បន្ទាប់ពីបានវិលត្រឡប់មកកាន់បរិវេណសាលាវិញត្រឹមតែមួយសប្តាហ៍និស្សិតកម្រិត Advanced បានចាប់ផ្តើមគម្រោងព្រឹត្តិការណ៍ដ៏សំខាន់ដំបូងរបស់ពួកគេគឺបានរៀបចំព្រឹត្តិការណ៍ Open Day របស់ PIE ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2026នេះ។
ព្រឹត្តិការណ៍ Open Day បានស្វាគមន៍សិស្សានុសិស្សដែលទើបនឹងបញ្ចប់ថ្នាក់វិទ្យាល័យ ព្រមទាំងបេក្ខជនដែលមានបំណងផ្លាស់ប្តូរជំនាញ និងអ្នកដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពី ការសិក្សាផ្នែកបដិសណ្ឋារកិច្ច និងចុះការចូលរៀនសម្រាប់វគ្គសិក្សាថ្មីក្នុងខែតុលា ឆ្នាំ 2026នេះ។
សម្រាប់និស្សិតកម្រិត Advanced ព្រឹត្តិការណ៍នេះមានអត្ថន័យលើសពីការចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃ។ វាគឺជាឱកាសដ៏មានតម្លៃសម្រាប់ពួកគេក្នុងការយក ចំណេះដឹងផ្នែកគ្រប់គ្រងម្ហូបអាហារ និងភេសជ្ជៈ (Food & Beverage) សិល្បៈចម្អិនម្ហូបអាហារ (Culinary Arts) ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ ការធ្វើការងារជាក្រុម ការរៀបចំព្រឹត្តិការណ៍ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ មកអនុវត្តជាក់ស្តែងនៅក្នុងបរិយាកាសការងារពិត។
ចាប់ពីការស្វាគមន៍ភ្ញៀវ និងការណែនាំអំពីសកម្មភាពផ្សេងៗ រហូតដល់ការរៀបចំការបង្ហាញជំនាញ និងគ្រប់គ្រងស្ថានីយ៍សកម្មភាពចូលរួមផ្ទាល់និស្សិតបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងធ្វើឱ្យព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យ។
ពេញមួយកម្មវិធី Open Day អ្នកចូលរួមមានឱកាសស្វែងយល់កាន់តែច្បាស់អំពីការសិក្សានៅ PIE និងឱកាសអាជីពនាពេលអនាគតក្នុងវិស័យបដិសណ្ឋារកិច្ច។
វគ្គផ្តល់ព័ត៌មានបានណែនាំដល់អនាគតនិស្សិតអំពី កម្មវិធីសិក្សា រចនាសម្ព័ន្ធនៃការសិក្សា ទស្សនវិស័យការងារ ឱកាសអន្តរជាតិ ការទទួលស្គាល់តាមប្រព័ន្ធស្វីសតាមរយៈ SHL Schweizerische Hotelfachschule Luzern និងដំណើរការចុះឈ្មោះចូលរៀនសម្រាប់វគ្គសិក្សាថ្មីក្នុងខែតុលា។
ការធ្វើបទបង្ហាញនេះ ត្រូវបានបន្ថែមដោយ ស្ថានីយ៍សកម្មភាពចម្រុះដែលអាចចូលរួមដោយផ្ទាល់ ដែលផ្តល់ឱកាសឱ្យអ្នកចូលរួមបាន សាកល្បង និងទទួលបទពិសោធន៍ជាក់ស្តែងពីផ្នែកមួយចំនួននៃការសិក្សាផ្នែកបដិសណ្ឋារកិច្ច។
ក្នុងចំណោមសកម្មភាពទាំងនោះ មាន ស្ថានីយ៍ Mocktail បែប Molecular ដែលអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីរបៀបដែលបច្ចេកទេសទំនើបអាចផ្លាស់ប្តូរភេសជ្ជៈឱ្យកាន់តែប្លែក និងទាក់ទាញ ព្រមទាំង ស្ថានីយ៍ Barista បង្ហាញពីសិល្បៈគូររូបលើកាហ្វេ (Latte Art)។សកម្មភាពគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត រួមមាន ការតាំងបង្ហាញផលិតផលនំប៉័ង ការបង្ហាញបច្ចេកទេសធ្វើនំ និងការប្រកួតរៀបចំតុបតែងមុខម្ហូប Chef’s Table។
អ្នកចូលរួមក៏មានឱកាសស្វែងយល់បន្ថែមអំពី ឱកាសផ្លាស់ប្តូរការសិក្សា និងបទពិសោធន៍អន្តរជាតិ ដែលអាចទទួលបានក្នុងអំឡុងពេលសិក្សារបស់ពួកគេផងដែរ។
ព្រឹត្តិការណ៍ដូចជា PIE Open Dayបានបង្ហាញឱ្យឃើញពីចំណុចសំខាន់មួយនៃការអប់រំផ្នែកបដិសណ្ឋារកិច្ចថា៖ ការរៀនសូត្រមិនបានបញ្ចប់ត្រឹមពេលមេរៀនក្នុងថ្នាក់រៀនចប់នោះទេ។
ការរៀបចំ និងដំណើរការព្រឹត្តិការណ៍មួយឱ្យទទួលបានជោគជ័យ តម្រូវឱ្យមានជំនាញជាច្រើន ដូចជា ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ការរៀបចំផែនការបានល្អ ការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិត ការធ្វើការជាក្រុម ការគ្រប់គ្រងពេលវេលា និងសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍ដែលមិនបានរំពឹងទុក។ ទាំងនេះសុទ្ធតែជាជំនាញសំខាន់ៗដែលអ្នកជំនាញក្នុងវិស័យបដិសណ្ឋារកិច្ចត្រូវប្រើប្រាស់ជារៀងរាល់ថ្ងៃ។
សម្រាប់និស្សិតកម្រិត Advanced ព្រឹត្តិការណ៍ Open Day គឺជាឱកាសដ៏មានតម្លៃមួយសម្រាប់ពួកគេក្នុងការទទួលយក តួនាទីថ្មី និងបទពិសោធន៍ថ្មី។ ពួកគេមិនត្រឹមតែជានិស្សិតដែលចូលរួមស្វែងយល់ពីព្រឹត្តិការណ៍នោះទេ ប៉ុន្តែបានក្លាយជានិស្សិតដែល មានតួនាទីរៀបចំ និងបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់អ្នកចូលរួមដទៃទៀត។
បទពិសោធន៍កម្មសិក្សាថ្មីៗរបស់ពួកគេ បានបន្ថែមនូវទិដ្ឋភាព និងបទពិសោធន៍ដ៏មានតម្លៃមួយទៀត។ បន្ទាប់ពីបានចំណាយពេលជាច្រើនខែធ្វើការនៅតាម សណ្ឋាគារ និងភោជនីយដ្ឋានអាជីព និស្សិតអាចយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវិស័យការងារ មកប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយ អនាគតនិស្សិត និងតំណាងឱ្យ PIE ក្នុងអំឡុងពេលព្រឹត្តិការណ៍។
ជាមួយនឹងការវិលត្រឡប់មកកាន់បរិវេណសាលាវិញរបស់និស្សិតកម្រិត Advanced ឆ្នាំសិក្សាថ្មីខាងមុខនេះនឹងពោរពេញទៅដោយ ការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង ព្រឹត្តិការណ៍ពិសេសៗ បញ្ហាប្រឈមថ្មីៗ និងឱកាសជាច្រើនក្នុងការបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃជាមួយគ្នា។
ការវិលត្រឡប់របស់ពួកគេ ក៏ជាពេលវេលាដ៏សំខាន់មួយសម្រាប់សហគមន៍ PIE ផងដែរ ខណៈដែលវិទ្យាស្ថានកំពុងត្រៀមខ្លួន ស្វាគមន៍និស្សិតកម្រិត Junior ជំនាន់ថ្មី សម្រាប់ឆមាសសិក្សាដែលនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ 2026។
សម្រាប់និស្សិតកម្រិត Advanced ដែលបានវិលត្រឡប់មកវិញ ដំណើរសិក្សារបស់ពួកគេនឹងបន្តទៅមុខជាមួយនឹង ឆ្នាំថ្មីនៃការរៀនសូត្រ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ ចំណែកឯនិស្សិតថ្មីដែលកំពុងត្រៀមចូលរួមជាមួយពួកគេ នេះនឹងក្លាយជាការ ចាប់ផ្តើមដំណើរថ្មីរបស់ពួកគេនៅ PIE។
ហើយប្រសិនបើព្រឹត្តិការណ៍ដំបូងនៃឆ្នាំសិក្សានេះ អាចជាសញ្ញាបង្ហាញពីអ្វីដែលនឹងកើតឡើងនោះប្រាកដណាស់ថានៅមានបទពិសោធន៍ថ្មីៗ ព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ និងឱកាសជាច្រើនទៀតដែលកំពុងរង់ចាំនៅខាងមុខ។

