ពីអ្នកផ្គត់ផ្គង់ទៅកាន់ផ្ទះបាយស្តង់ដា៖ និស្សិត PIE បានចុះទៅស្វែងយល់ពីខ្សែសង្វាក់ផ្គត់ផ្គង់អាហារនៅ LSH Cambodia

សម្រាប់ចុងភៅអាជីព ការយល់ដឹងអំពីម្ហូបអាហារ ចាប់ផ្តើមតាំងពីមុនពេលគ្រឿងផ្សំមួយមុខត្រូវបាននាំចូលមកដល់ផ្ទះបាយទៅទៀត។

នៅថ្ងៃទី 31 ខែសីហា និស្សិតវគ្គ Basic របស់ PIE អមដំណើរដោយក្រុមការងារចុងភៅរបស់ PIE បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ឃ្លាំងរបស់ LSH (Cambodia) PTE LTD ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលអាហារដែលមានបទពិសោធន៍ច្រើននៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដល់និស្សិតក្នុងការចាកចេញពីបន្ទប់បណ្តុះបណ្តាលធ្វើម្ហូប និងស្វែងយល់ពីដំណើរការដែលកើតឡើង មុនពេលផលិតផលត្រូវបានដឹកជញ្ជូនទៅដល់ភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះបាយអាជីព។

ស្វែងយល់ពីប្រភពដើមនៃម្ហូបអាហារ

ក្នុងការសិក្សាផ្នែកសិល្បៈចម្អិនម្ហូបអាហារ និស្សិតចំណាយពេលភាគច្រើនក្នុងការរៀនពីរបៀប ជ្រើសរើស រៀបចំ និងរៀបចំតុបតែងគ្រឿងផ្សំ។ ប៉ុន្តែសម្រាប់ផ្ទះបាយស្តង់ដាមួយ ក៏ត្រូវការប្រព័ន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានការរៀបចំយ៉ាងល្អផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ និស្សិតបានស្វែងយល់អំពី តួនាទីរបស់ក្រុមហ៊ុនចែកចាយផលិតផលសម្រាប់វិស័យសេវាកម្មម្ហូបអាហារ និងទទួលបានការយល់ដឹងកាន់តែច្បាស់អំពី ដំណើរការនៃការដឹកជញ្ជូនផលិតផលពីអ្នកផ្គត់ផ្គង់ ទៅកាន់ផ្ទះបាយអាជីព និងអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច។

LSH សហការជាមួយដៃគូអន្តរជាតិនៅតាមបណ្តាប្រទេសជាច្រើន និងផ្គត់ផ្គង់ផលិតផលជាច្រើនប្រភេទ រួមមាន សាច់ ផលិតផលទឹកដោះគោ ផលិតផលនំប៉័ង និងនំ បង្អែម និងផលិតផលធ្វើនំ ភេសជ្ជៈ និងផលិតផលផ្សេងៗទៀតសម្រាប់វិស័យសេវាកម្មម្ហូបអាហារ។ បណ្តាញចែកចាយរបស់ក្រុមហ៊ុនបម្រើដល់ ភោជនីយដ្ឋាន សណ្ឋាគារ និងរីសត អាជីវកម្មផ្តល់សេវាម្ហូបអាហារ ហាងលក់រាយ សាលារៀន និងស្ថាប័នផ្សេងៗទៀត។

សម្រាប់ចុងភៅជំនាន់អនាគត ចំណេះដឹងនេះមានសារៈសំខាន់យ៉ាងខ្លាំង។ ការយល់ដឹងអំពី ប្រភពដើមនៃគ្រឿងផ្សំ របៀបដែលវាត្រូវបានដឹកជញ្ជូន និងរបៀបរក្សាទុក អាចជះឥទ្ធិពលដោយផ្ទាល់ដល់ គុណភាពអាហារ ការរៀបចំមុខម្ហូប និងជាចុងក្រោយ បទពិសោធន៍របស់ភ្ញៀវ។

ពីការដឹកជញ្ជូនទៅការរក្សាទុក៖ ហេតុអ្វីសុវត្ថិភាពចំណីអាហារមានសារៈសំខាន់

មេរៀនសំខាន់មួយក្នុងចំណោមមេរៀនជាច្រើនពីដំណើរទស្សនកិច្ចនេះ គឺ សុវត្ថិភាពចំណីអាហារ មិនមែនចាប់ផ្តើមនៅពេលចុងភៅចាប់ផ្តើមចម្អិនអាហារនោះទេ។ វាចាប់ផ្តើមតាំងពីដំណាក់កាលដំបូងៗ ដូចជា ការទិញ ការទទួលទំនិញ ការដឹកជញ្ជូន និងការរក្សាទុក។

មេរៀនសំខាន់មួយក្នុងចំណោមមេរៀនជាច្រើនពីដំណើរទស្សនកិច្ចនេះ គឺ សុវត្ថិភាពចំណីអាហារ មិនមែនចាប់ផ្តើមនៅពេលចុងភៅចាប់ផ្តើមចម្អិនអាហារនោះទេ។ វាចាប់ផ្តើមតាំងពីដំណាក់កាលមុនៗ ដូចជា ការទិញ ការទទួលទំនិញ ការដឹកជញ្ជូន និងការរក្សាទុក។

ប្រតិបត្តិការឃ្លាំងរបស់ LSH រួមមាន តំបន់រក្សាទុកទំនិញស្ងួត ទំនិញត្រជាក់ និងទំនិញកក ដោយតំបន់រក្សាទុកទំនិញត្រជាក់ត្រូវបានរក្សាសីតុណ្ហភាពប្រមាណ 1–4°C ខណៈតំបន់រក្សាទុកទំនិញកកត្រូវបានរក្សាសីតុណ្ហភាពចន្លោះពី -18°C ដល់ -25°C។ ក្រុមហ៊ុនក៏ទទួលបាន វិញ្ញាបនបត្រ HACCP សម្រាប់ទីតាំងប្រតិបត្តិការនៅរាជធានីភ្នំពេញ ដែលបង្ហាញពីសារៈសំខាន់នៃការអនុវត្ត ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារដែលមានលក្ខណៈជាប្រព័ន្ធ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។

សម្រាប់និស្សិតផ្នែកសិល្បៈចម្អិនម្ហូបអាហារ គោលការណ៍ទាំងនេះគឺជាចំណេះដឹងវិជ្ជាជីវៈដ៏សំខាន់។ ការគ្រប់គ្រងសីតុណ្ហភាពមិនបានត្រឹមត្រូវ ការរក្សាទុកមិនបានត្រឹមត្រូវ ឬការចាត់ចែងអាហារមិនមានអនាម័យ អាចធ្វើឱ្យប៉ះពាល់ដល់ គុណភាពចំណីអាហារ និងបង្កើនហានិភ័យនៃ ជំងឺដែលបង្កឡើងដោយចំណីអាហារ។

FIFO៖ គោលការណ៍សាមញ្ញ ប៉ុន្តែមានសារៈសំខាន់យ៉ាងខ្លាំង

គោលការណ៍សំខាន់មួយទៀតដែលនិស្សិតបានស្វែងយល់ក្នុងប្រតិបត្តិការផ្នែកសេវាកម្មម្ហូបអាហារបែបវិជ្ជាជីវៈ គឺ FIFO – ទំនិញចូលមុន ត្រូវប្រើប្រាស់មុន (First In, First Out)។

គោលការណ៍នេះមានលក្ខណៈសាមញ្ញ៖ ផលិតផលដែលមកដល់មុន ជាទូទៅគួរត្រូវបានប្រើប្រាស់មុន ដោយត្រូវធានាថា ផលិតផលនោះនៅតែស្ថិតក្នុងរយៈពេលរក្សាទុកដែលអាចប្រើប្រាស់បាន និងបំពេញតាមស្តង់ដារគុណភាពដែលបានកំណត់។

ការរៀបចំ និងបង្វិលស្តុកឱ្យបានត្រឹមត្រូវ ជួយឱ្យផ្ទះបាយ កាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ ជៀសវាងការខាតបង់ថវិកាដែលមិនចាំបាច់ និងការពារមិនឱ្យផលិតផលត្រូវបានទុកចោលនៅខាងក្រោយតំបន់ស្តុក រហូតដល់ផុតកំណត់ប្រើប្រាស់។

ការទិញទំនិញ និងការគ្រប់គ្រងស្តុកប្រកបដោយវិជ្ជាជីវៈ ក៏រួមបញ្ចូលការត្រួតពិនិត្យ បរិមាណ លក្ខណៈបច្ចេកទេសរបស់ផលិតផល កាលបរិច្ឆេទផុតកំណត់ លក្ខខណ្ឌនៃការរក្សាទុក និងស្ថានភាពរបស់ទំនិញនៅពេលទទួល ផងដែរ។

ចំណុចទាំងនេះអាចមើលទៅដូចជាព័ត៌មានលម្អិតតូចៗក្នុងប្រតិបត្តិការ ប៉ុន្តែនៅពេលអនុវត្តរួមគ្នា វាមានសារៈសំខាន់ក្នុងការធ្វើឱ្យផ្ទះបាយ មានសុវត្ថិភាពកាន់តែប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងអាចគ្រប់គ្រងចំណាយបានប្រកបដោយចីរភាព។

ភ្ជាប់ពីឃ្លាំងទៅកាន់ផ្ទះបាយស្ដងដា

ដំណើរទស្សនកិច្ចសិក្សានេះបានជួយឱ្យនិស្សិត ភ្ជាប់ចំណេះដឹងដែលបានសិក្សានៅក្នុងថ្នាក់រៀន និងបន្ទប់បណ្តុះបណ្តាលធ្វើម្ហូប ទៅនឹងការអនុវត្តជាក់ស្តែងក្នុងវិស័យបដិសណ្ឋារកិច្ច។

សម្រាប់ចុងភៅម្នាក់ ការយល់ដឹងអំពីគ្រឿងផ្សំ មិនគួរមានត្រឹមតែពីទស្សនៈនៃការធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែត្រូវយល់ដឹងពី ប្រតិបត្តិការ និងការគ្រប់គ្រង ផងដែរ។ ការសម្រេចចិត្តក្នុងការទិញអាចជះឥទ្ធិពលដល់ ថ្លៃដើមអាហារ។ លក្ខខណ្ឌនៃការរក្សាទុកអាចប៉ះពាល់ដល់ គុណភាព។ ការបង្វិលស្តុកអាចជួយកាត់បន្ថយ ការខ្ជះខ្ជាយ។ កាលវិភាគដឹកជញ្ជូនអាចមានឥទ្ធិពលលើ ការរៀបចំមុខម្ហូប។ ចំណែកឯនីតិវិធីសុវត្ថិភាពចំណីអាហារ ជួយការពារទាំង សុវត្ថិភាពរបស់ភ្ញៀវ និងកេរ្តិ៍ឈ្មោះរបស់អាជីវកម្ម។

ការយល់ដឹងដ៏ទូលំទូលាយនេះ មានសារៈសំខាន់ជាពិសេសសម្រាប់និស្សិត ខណៈពេលដែលពួកគេចាប់ផ្តើមត្រៀមខ្លួនសម្រាប់ ការងារនៅផ្ទះបាយអាជីព សណ្ឋាគារ ភោជនីយដ្ឋាន និងឱកាសកម្មសិក្សានាពេលអនាគត។

ស្វែងយល់លើសពីផ្ទះបាយ ឆ្ពោះទៅកាន់ពិភពអាជីព

នៅ PIE ការអប់រំដែលផ្តោតលើការអនុវត្ត មិនកំណត់ត្រឹមតែការរៀនអំពីបច្ចេកទេសធ្វើម្ហូបប៉ុណ្ណោះទេ។ ការយល់ដឹងអំពីវិស័យបដិសណ្ឋារកិច្ច មានន័យថា និស្សិតត្រូវស្វែងយល់ពី ដំណើរពេញលេញរបស់អាហារ ចាប់ពី អ្នកផ្គត់ផ្គង់ និងការទិញគ្រឿងផ្សំ រហូតដល់ការដឹកជញ្ជូន និងការរក្សាទុក ការរៀបចំ និងការបម្រើ រហូតដល់អាហារដែលបានដាក់ជូននៅលើតុរបស់ភ្ញៀវ។ នេះគឺជាចំណេះដឹងជាក់ស្តែងដែលជួយត្រៀមនិស្សិត PIE ឱ្យមានភាពរួចរាល់សម្រាប់ពិភពការងារក្នុងវិស័យបដិសណ្ឋារកិច្ច។

ដំណើរទស្សនកិច្ចទៅកាន់ LSH បានផ្តល់ឱកាសឱ្យនិស្សិតស្វែងយល់កាន់តែច្បាស់ពី ផ្នែកសំខាន់មួយនៃវិស័យបដិសណ្ឋារកិច្ច និងសិល្បៈធ្វើម្ហូប ដែលជារឿយៗមិនសូវត្រូវបានមើលឃើញនៅពីក្រោយឆាក។ ទស្សនកិច្ចនេះក៏បានបង្ហាញឱ្យឃើញពី តួនាទីរបស់អ្នកជំនាញជាច្រើន ដែលចូលរួមចំណែកធ្វើឱ្យប្រតិបត្តិការផ្គត់ផ្គង់ និងសេវាកម្មម្ហូបអាហារមួយទទួលបានជោគជ័យ។

សម្រាប់ចុងភៅជំនាន់អនាគត ការចេះធ្វើចម្អិនម្ហូបគ្រាន់តែជាផ្នែកមួយនៃការក្លាយជាអ្នកជំនាញវិជ្ជាជីវៈប៉ុណ្ណោះ។ ការយល់ដឹងអំពី គ្រឿងផ្សំ ប្រព័ន្ធ មនុស្ស និងដំណើរការដែលនៅពីក្រោយផ្ទះបាយ គឺជាអ្វីដែលជួយប្រែក្លាយជំនាញធ្វើម្ហូប ឱ្យក្លាយជាជំនាញវិជ្ជាជីវៈដ៏ពេញលេញ។

Share:

Sign Up

Great! We’ve received your information.